Wednesday, May 8, 2013

ក្រសួង​សង្គម​កិច្ច​​​ជ្រើស​រើស​មន្រ្តី​ជំនាញ​ច្រើន​រូប 

ឱកាស​សម្រាប់​និស្សិត ​និង​សាធារណ​ជន​ដែល​មាន​បំណងចង់​បម្រើ​ការ​នៅ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន ​និង​យុវ​នីតិ​សម្បទា​បាន​មក​ដល់​ហើយ​ សម្រាប់​ឆ្នាំ​២០១៣​នេះ។​
ក្រសួង ​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា​ ត្រូវ​ការ​​ជ្រើស​រើស​បុគ្គលិក​ចំនួន​៤៥​នាក់​ ដើម្បី​ឲ្យ​បម្រើ​ការងារ​នៅ​តាម​អង្គភាព​នានា​​របស់​ក្រសួង និង​២៥​នាក់​ផ្សេង​ទៀត​​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល ​និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន។
បេក្ខជន​ដែល​មក​ដាក់​ពាក្យ​ត្រូវ​មាន​អាយុ​មិន​លើស​ពី​៣០​ឆ្នាំ​  មាន​សញ្ជាតិ​ខ្មែរ​ មាន ​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬ​មាន​តម្លៃ​ស្មើ​​​ មិន​ធ្លាប់​បម្រើ​ការងារ​រដ្ឋ​​ ឬ​មិន​ធ្លាប់​បាន​លុប​ឈ្មោះ​នៅ​ក្រសួង​ផ្សេងៗ​ និង​មាន​លិខិត​ថ្កោល​ទោស​​ (ក្រោយ​ពេល​ប្រឡង​ជាប់)។
ចំពោះ​វិញ្ញាសា​ប្រឡង​រួម​មាន​វិញ្ញាសា​ សរសេរ​ចំណេះ​ដឹង​ទូទៅ​រយៈ​ពេល​១ម៉ោង​ និង​វិញ្ញាសា​សរសេរ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ រយៈ​ពេល​១ម៉ោង។
ពាក្យ​សុំ​សិទ្ធ​ប្រឡង​ បេក្ខជន​ទាំង​អស់​អាច​ទៅ​រក​បាន​នៅ​នា​យក​ដ្ឋាន​រដ្ឋបាល​ និង​បុគ្គលិក​រាល់​ម៉ោង​ធ្វើ​ការ​។ កាល​បរិច្ឆេទ​​​​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ខាង​មុខ​នេះ។
មណ្ឌល ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច​ មាន​ទី​តាំង​នៅ​ផ្លូវ​ដូង​ងៀប​២ ភូមិ​ដំណាក់​ធំ​៣ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ។ សម្រាប់​កាល​បរិច្ឆេទ​ប្រឡង​ ក្រសួង​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។
ព័ត៌មាន​លំអិត​ ទាក់​ទង​ទៅ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា អគារ​លេខ​៧៨៨ ផ្លូវ​មុន្នី​វង្ស​ ឬ​តាម​រយៈ​ទូរសព្ទ​លេខ​ ០២៣ ៧២៦០៨៦​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ក្រសួង www.mosvy.gov.kh


0 comments:

Post a Comment